ការ​ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងខ្នង​

ការ​ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងខ្នង​បណ្តាល​មក​ពី មូលហេតុ​ធំៗ​បីយ៉ាង រួមមាន​ការ រង​របួស ឬ​គ្រោះថ្នាក់ ឥរិយាបថ​អង្គុយ ឬ​ឈរ​មិន​ត្រឹមត្រូវ និង​ការវិវត្តន៍​នៃ​អាយុកាល​របស់​មនុស្ស​។ នៅ​ពេល​អាយុ​កាន់តែ​ចាស់ ភាគច្រើន​គឺ​ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម (lower back pain) ដែល​បណ្ដាល​មកពី​ការ​​សឹករិចរិល​នៃ​ទ្រនាប់​ឆ្អឹង​កង ឬ​បញ្ហា​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង​ជាដើម។

តើ​មាន​វិធី​ណាខ្លះ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ឆ្អឹងខ្នង ឬ​ចង្កេះ​?

បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ គឺ​កើត​ឡើងលើ​មនុស្ស​គ្រប់ៗ​គ្នា មិន​ថា​ស្រី​ឬ​ប្រុស អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ ប្រសិនបើ​អសកម្ម​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ ករណី​អ្នក​ឈឺ​ឆ្អឹងខ្នង​ខ្លះ ដោយសារ​មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ជំងឺ​មហារីក៖ «មនុស្ស​ប្រុស​ស្រី ដល់ពេល​ចាស់​បន្តិច​ទៅ ឈប់​ហាត់ប្រាណ តែងតែ​ឈឺ​ឆ្អឹងខ្នង ហើយ​ជា​ជំងឺ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ដែល​មនុស្ស​ភាគច្រើន​ពិការ និង​អត់​បាន​ទៅ​ធ្វើ​ការ​ដោយ​បញ្ហា​ហ្នឹង​។ មនុស្ស​នៅ​ក្មេង​អត់​សូវ​ឈឺ​ទេ ព្រោះ​មាន​សាច់ដុំ​ក្បាលពោះ ដល់ពេល​អង្គុយ គឺ​វា​ត្រង់ ម្ល៉ោះហើយ​ឆ្អឹងខ្នង​អត់​ពត់​ទេ។ អ៊ីចឹង​រៀន​អង្គុយ​ឱ្យ​ត្រង់ ឧស្សាហ៍​ងើប​ពត់​ខ្លួនប្រាណ ហ្នឹង​ជួយ​ទី​១ ទី​២ យើង​កុំ​លើក​របស់​ធ្ងន់ ហើយ​ទី​៣ ទម្ងន់​ខ្លាំង​ពេក វា​សង្កត់​ទៅ​លើ​ឆ្អឹងខ្ចី នាំ​ឱ្យ​ពុក ឬ​បាក់»។

អ្នក​ជក់បារី មិន​ត្រឹម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេះដូង និង​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ទេ ប៉ុន្តែ​វា​ក៏​នាំ​ឱ្យ​បញ្ហា​ដល់​ឆ្អឹង​ផង​ដែរ​។ មូលហេតុ​ធ្ងន់ធ្ងរ​ដល់​សុខភាព ដោយសារ​ការ​ជក់​បារី៖ «ការ​ជក់បារី​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ​ជាងគេ ធ្វើ​ឱ្យ​មាន​បញ្ហា​ឆ្អឹង ដោយសារ​ទី​១ សរសៃឈាម រត់​ដើម្បី​ចិញ្ចឹម​សារធាតុ​កោសិកា​ឆ្អឹង អត់​ដំណើរការ​។ បារី​មាន​សារធាតុ​គីមី​មួយ​ទៅ​បំផ្លាញ សរីរាង្គ​សរសៃឈាម វា​ធ្វើ​ឱ្យ​រឹង​កក ដល់​អ៊ីចឹង​ឈាម​អត់​ដំណើរការ​ទេ​។ ប្រសិនបើ​អត់​ដំណើរការ​លើ​សរសៃ​ខួរក្បាល ងាប់​ខ្លួន​មួយ​ចំហៀង បើ​អត់​ដំណើរការ​បេះដូង វា​នាំ​ឱ្យ​គាំងបេះដូង​។ បើ​អត់​ដំណើរការ​លើ​សរសៃឈាម​សម្រាប់​បញ្ចេញ​អុកស៊ីហ្សែន ដូចនេះ​ឆ្អឹង​មាន​បញ្ហា​ច្រើន​…»

អ្នក​ឈឺ​ឆ្អឹងខ្នង ខ្លះ​មាន​អាការៈ​រោគ​សញ្ញា​ឈឺ​សាច់ដុំ ឬ​ថ្លោះសរសៃ ដោយសារ​លើក​ធ្ងន់​។ ករណី​ខ្លះ​ទៀត ឈឺ​ចុកចាប់​ខ្លាំង​នៅ​ជើង​ម្ខាង ឬ​ជើង​ទាំងពីរ រហូតដល់​ក្រោម​ជង្គង់ នៅ​ពេល​អោន ឈរ ឬ​ដើរ កម្លាំង​ចុះខ្​សោយ និង​ស្រក​ទម្ងន់​ជាដើម​។ ប្រសិនបើ​ការ​ឈឺ​ចុកចាប់​នោះ​មិនបាន​គ្រាន់បើ ក្នុងអំឡុងពេល​២ ឬ​៣​សប្ដាហ៍ អ្នកជំងឺ​ត្រូវ​ណាត់​ជួប​គ្រូពេទ្យ​ដើម្បី​ថត​ពិនិត្យ​ឆ្អឹងខ្នង រក​មូលហេតុ​ពិតប្រាកដ មុន​ទទួល​បាន​ការ​ព្យាបាល។

ការ​ឈឺ​ខ្នង​ឬ​ចង្កេះ​មាន​៤​ប្រភេទ​ធំៗ ទី​១ ថ្លោះ​គ្រេច ឬ​ហើម​សរសៃ​សាច់ដុំ ដោយសារ​លើក​ធ្ងន់ ឬ​ធ្វើ​ចលនា​ខុសឆ្គង​ណាមួយ ទី​ពីរ ទ្រនាប់​ឆ្អឹង​កង (ruptured disks) នៅ​ផ្នែក​ខាងក្រោម​ចង្កេះ ដាច់​រហែក ឬ​សឹក រួច​ទៅ​ប៉ះ​នឹង​សរសៃ​។ ទី​៣ គឺ​ដោយសារ​បញ្ហា​រលាក​សន្លាក់​ឆ្អឹង (Arthritis ) ហើយ​ចំណែក​ទី​៤​វិញ គឺ​ដោយសារ​ជំងឺ​ពុក​ឆ្អឹង (Osteoporosis )។ ដើម្បី​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឈឺ​ឆ្អឹងខ្នង​នេះ គ្រូពេទ្យ​ជំនាញ​ឆ្អឹង នឹង​ថត​ឆ្លុះ​ដោយ​ប្រើ​ឧបករណ៍​ពិសេស គឺ​អឹមអារ៍អាយ (MRI) ឬ CT SCAN ដែល​អាច​មើល​ឃើញ​ឆ្អឹង​កង ឬ​ថាស (Disk) នៅ​ចន្លោះ​ឆ្អឹងខ្នង​ដែល​ខូច សឹករិចរិល ឬ​ឆ្អឹង​លាន​ចេញ​មក​ក្រៅ គាប​សរសៃ ឬក៏​ឃើញ​ដុំ​ពក​នៅ​បំពង់​ឆ្អឹងខ្នង៖ «ជួនកាល​ឆ្អឹងខ្ចី​នេះ បើ​យើង​អត់​ប្រយ័ត្ន​ទេ គឺ​វា​អាច​កកិត​ចេញ​មក​ក្រៅ គាប​លើ​សរសៃ ចុកចាប់​ណាស់ ឈឺ​រោយ​ដល់​ជើង ហ្នឹង​អត់​បាត់​ទេ គឺ​ត្រូវតែ​វះកាត់​។ ជួនកាល​វា​អត់​ធ្លាយ​ទេ គឺ​គ្រាន់តែ​ឆ្អឹង​ស្តើង​ឡើងៗ ហើយ​ជួនកាល​ទៅ​វា​ប្រេះ​បែក អ៊ីចឹង​វា​ធ្វើ​ឱ្យ​យើង​ចុក​ឆ្អឹងខ្នង ហើយ​បើ​ចុក​ទៅ យើង​ប្រើ​ទឹក​ក្តៅ​ស្អំ ឬ​ធ្វើ​សរសៃ​ទៅ ជា​ធម្មតា​​មួយ​អាទិត្យ​ហ្នឹង​គឺ​បាត់​ហើយ​…»។

ដំបូន្មាន​ ដើម្បី​រក្សា​ឆ្អឹងខ្នង​ឱ្យ​បាន​រឹងមាំ​ល្អ គឺ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ក្បាលពោះ ហើយ​ជម្រើស​ដ៏​ល្អ​គឺ​ដើរ ឬ​ហែល​ទឹក​។ ប្រើ​វិធី​ម៉ាស្សា​ថ្នមៗ​ទៅលើ​ចង្កេះ ស្អំ​ទឹកកក​ឬ​ទឹក​ក្តៅ នៅ​កន្លែង​ឈឺ​ខ្នង​ឬ​ចង្កេះ រក្សា​ទម្ងន់ កុំ​ឱ្យ​ធាត់​ខ្លាំង​ពេក បញ្ឈប់​ការ​ជក់បារី ជៀសវាង​ចលនា​ណាមួយ ឬ​លើក​ធ្ងន់ ដែល​នាំ​ឱ្យ​ថ្លោះសរសៃ​ឬ​គ្រេច​សាច់ដុំ​។ អនុវត្ត​កាយវិការ​អង្គុយ​ឬ​ឈរ​ឱ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​ត្រូវ​ឈរ​យូរ​វិញ កុំ​ដាក់​ជើង​ទាំងពីរ​ស្មើគ្នា គឺ​ជើង​ម្ខាង​ខ្ពស់​ជាង ដើម្បី​បន្ថយ​ទម្ងន់​ទៅលើ​ដងខ្លួន​។ បន្ថែម​ពី​នេះ ប្រសិន​បើ​អង្គុយ​ធ្វើការ​យូរ​វិញ ត្រូវ​ឧស្សាហ៍​ងើប​ដើរចេញ រៀងរាល់​៣០​នាទី និង​ដាក់​ខ្នើយ​កល់​ពី​ខាង​ក្រោយខ្នង

ទាក់ទងមកយើងឥឡូវនេះ